

នាងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ មកកាន់សាលា ស៊ី អេស អាយ អន្តរជាតិ។
សាលា ស៊ី អេស អាយ អន្តរជាតិ មានចក្ខុវិស័យក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាពលរដ្ឋពេញលេញ និងថ្លៃថ្នូរ ដែលមាន ចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បត្តិ ល្អ មានការគិតវិភាគ ទំនួលខុសត្រូវ និងទំនុកចិត្តលើខ្លួនឯង។ ទិសដៅស្នូលនៃការអប់រំរបស់សាលា រួមមាន វិន័យ សេចក្តីស្មោះត្រង់ សុចរិតភាព ការយកចិត្តទុកដាក់ និងការយល់ចិត្តអ្នកដទៃ (SHINE) ដើម្បីឱ្យសិស្សមានគោលការណ៍រឹងមាំ អាចម្ចាស់ការជួយខ្លួនឯង និងបម្រើសង្គមជាតិ។
ពួកយើងនឹងបន្តយ៉ាងមុតមាំ ក្នុងការអនុវត្តបេសកកម្មរបស់យើង តាមរយៈកម្មវិធីសិក្សាដ៍សម្បូរបែប សិស្សត្រូវបានបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ទាំងភាសាខ្មែរនិងអង់គ្លេស បំណិនសតវត្សទី២១ បំណិនឌីជីថល ជំនាញអនុវត្តន៍ និងការអប់រំចរិយាមាយាទ ក្នុងបរិយាកាសសិក្សាដែលរស់រវើក ដើម្បីបណ្តុះសិស្សឱ្យមាន ចំណេះដឹងមូលដ្ឋានជាក់លាក់ទូលំទូលាយ មានជំនាញអនុវត្តន៍ និងមានគុណធម៌ល្អ ធ្វើឱ្យពួកគេក្លាយជាធនធានមានសមត្ថភាព មានចិត្តមេត្តាករុណា មានចរិកសុភាពរាបសារ ដែលអាចធ្វើការសម្រេចចិត្តបានយ៉ាងមានវិចារណញាណ និងចូលរួមអភិវឌ្ឍសង្គមបានយ៉ាងវិជ្ជមាន។
ក្រុមគ្រូបង្រៀនរបស់យើងមានគុណវុឌ្ឍិ សីលធម៌ល្អ និងបទពិសោធន៍ខ្ពស់ ប្រើប្រាស់វិធី សាស្ត្របង្រៀនទំនើបផ្តោតលើសិស្សមជ្ឈមណ្ឌល ក្នុងបរិយាកាសសិក្សាដែលមានសុវត្ថិភាព គាំទ្រ និងបំពាក់ដោយសម្ភារៈបរិក្ខាទំនើប។ យើងផ្តោតសំខាន់មិនត្រឹមតែទៅលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់លើសុខុមាលភាពផ្នែកសង្គម និងអារម្មណ៍របស់សិស្សផងដែរ។
ខ្ញុំសូមយកឱកាសនេះដើម្បីអរគុណដល់មាតាបិតាសិស្សទាំងអស់ ចំពោះការគាំទ្រសាលា ការចូលរួមយ៉ាងជិតស្និទ្ធនិងយកចិត្តទុកដាក់ជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការលើកកម្ពស់ដំណើរ ការសិក្សារបស់កូនៗ។ «ការចូលរួមរបស់យើងទាំងអស់គ្នា គឺជាការក្រាលផ្លូវដើរដ៍វែងឆ្ងាយសម្រាប់អនាគតកូនៗ»។ ពួកយើងរីករាយបន្តពង្រឹងភាពជាដៃគូរយូរអង្វែងជាមួយគ្នា។
ដោយក្តីគោរព
នាយិកាសាលា
ប៉ោ ម៉ាលីស
